ប្រតិកម្មសរីរាង្គ និងនាមវលី
Exam revision handbook · Reference
- សរសេរប្រតិកម្មសំខាន់ៗរបស់អេស្ទែ ៖ អេស្ទែកម្ម អ៊ីដ្រូលីស សាប៊ូកម្ម ប្រតិកម្មជាមួយអាម៉ូញាក់ និងរេដុកស្យុង ។
- សរសេរប្រតិកម្មរបស់អាមីន អាមីត និងអាស៊ីតអាមីណេ ។
- សរសេរប្រតិកម្មចំហេះរបស់អេស្ទែ និងអាល់កុល ។
- ចាត់ថ្នាក់ 1° 2° 3° នៃអាល់កុល អាមីន និងអាមីត ។
- ហៅឈ្មោះតាម IUPAC និងឈ្មោះសាមញ្ញ របស់អាល់កុល អាស៊ីត អេស្ទែ អាមីន អាមីត អាស៊ីតអាមីណេ អានីឌ្រីត និងអាស៊ីលក្លរួ ។
- ស្គាល់រ៉ាឌីកាល់អាល់គីល និងអារីល ដែលជាបណ្តុំជំនួស R– ។
- ឆ្លើយសំណួរសំខាន់ៗ ២៨ សំណួរ ក្នុងផ្នែកសរីរាង្គ ។
២.១ អេស្ទែ គឺជាអាស៊ីតដែលបានប្តូរ «មួក»
ស្រមៃមើលអាស៊ីតកាបុកស៊ីលិច ៖ ខ្សែកាបូនមួយ បញ្ចប់ដោយក្រុម –COOH ។ ក្រុម –OH នៅចុងនោះ គឺជាកន្លែងដែលអាស៊ីតឲ្យ H⁺ ។ ឥឡូវគេដក H ចេញ ហើយដាក់ខ្សែកាបូនមួយទៀត (R′) ចូលជំនួស — គេបានអេស្ទែ R–COO–R′ ។
ដូច្នេះ អេស្ទែ = អាស៊ីត + អាល់កុល − ទឹក ។ ក្លិនផ្លែឈើ និងក្លិនស្រា ដែលយើងធ្លាប់ធុំ ភាគច្រើនជាអេស្ទែតូចៗ ។
២.២ ធ្វើ និងបំបែកអេស្ទែ ៖ ជញ្ជីងតែមួយយោលពីរទិស
អេស្ទែកម្ម និងអ៊ីដ្រូលីស ជាប្រតិកម្មដូចគ្នា តែច្រាសទិសគ្នា ៖ អេស្ទែកម្មបញ្ចូលអាស៊ីត និងអាល់កុលឲ្យកើតអេស្ទែ ហើយបញ្ចេញទឹក; អ៊ីដ្រូលីសយកទឹកបំបែកអេស្ទែជាអាស៊ីត និងអាល់កុលវិញ ។ ទាំងពីរជាប្រតិកម្មទៅមក (⇌) ។
ប៉ុន្តែ បើគេប្រើបាស (NaOH) ជំនួសទឹក នោះផលិតផលអាស៊ីតត្រូវបាសចាប់ជាអំបិល ហើយប្រតិកម្មមិនអាចវិលក្រោយបានទេ ។ នេះហើយជាសាប៊ូកម្ម ។
២.៣ នាមវលី គឺដូចអាសយដ្ឋាន
ដើម្បីឲ្យអ្នកផ្ញើសំបុត្រដឹងថាផ្ញើទៅផ្ទះណា គេត្រូវការលេខផ្ទះ ឈ្មោះផ្លូវ និងឈ្មោះភូមិ ។ ឈ្មោះ IUPAC ក៏ដូចគ្នា ៖
- លេខ = ទីតាំងក្រុម (តួលេខ 2-, 3- …) ដូចលេខផ្ទះ;
- ខ្សែមេ = ឈ្មោះអាល់កាន (មេតាន អេតាន ប្រូប៉ាន …) ដូចឈ្មោះផ្លូវ;
- បច្ឆិមបទ = ត្រកូលសមាសធាតុ (-អុល, -អូអ៊ិច, -អូអាត, -អាមីន, -អាមីត) ដូចឈ្មោះភូមិ ដែលប្រាប់ថាជាភូមិណា ។
បើគ្មានលេខ គេមិនដឹងថាក្រុមនៅកាបូនណាទេ ។ ហេតុនេះ លេខមិនត្រូវបំភ្លេចឡើយ ។
២.៤ ឈ្មោះសាមញ្ញ និងឈ្មោះ IUPAC ៖ រហស្សនាម និងអត្តសញ្ញាណប័ណ្ណ
មនុស្សម្នាក់អាចមានរហស្សនាម «បងធំ» និងឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ «សុខ ដារា» ។ សារធាតុក៏ដូចគ្នា ៖ អាស៊ីតអេតាណូអ៊ិច ជាឈ្មោះ IUPAC; អាស៊ីតអាសេទិច ជាឈ្មោះសាមញ្ញ (ឈ្មោះធ្លាប់ប្រើ) ដែលគេនៅតែប្រើ ។ ឈ្មោះទាំងពីរជាសារធាតុតែមួយ ។
២.៥ អាមីន អាមីត អាស៊ីតអាមីណេ ៖ ត្រកូលតែមួយ
អាមីន = អាម៉ូញាក់ដែល H ត្រូវជំនួសដោយខ្សែកាបូន (R–NH₂) ។ អាមីត = អាស៊ីតកាបុកស៊ីលិចដែល –OH ត្រូវជំនួសដោយ –NH₂ (R–CO–NH₂) ។ អាស៊ីតអាមីណេ = ម៉ូលេគុលតែមួយ ដែលមានទាំង –COOH ទាំង –NH₂ ។
ថ្នាក់ 1° 2° 3° មិននិយាយអំពីចំនួនកាបូនទេ ៖ វានិយាយអំពីចំនួនខ្សែកាបូនដែលចងនឹងអាតូមសំខាន់ (អាតូម N សម្រាប់អាមីន និងអាមីត; អាតូម C ដែលកាន់ –OH សម្រាប់អាល់កុល) ។
៣.១ ការបង្កើតឈ្មោះអាល់កុល
ឈ្មោះអាល់កុលបានមកពីឈ្មោះអាល់កាន និងបន្ថែមបច្ឆិមបទ អុល ។
- អាល់កាន ប្រាប់ចំនួនកាបូន ៖ មេតាន (១), អេតាន (២), ប្រូប៉ាន (៣), ប៊ុយតាន (៤), ប៉ង់តាន (៥), អិចសាន (៦) ។
- បច្ឆិមបទ អុល ប្រាប់ថាសមាសធាតុនោះជាអាល់កុល — មានក្រុម –OH ។
- ដូច្នេះ អេតាន + អុល = អេតាណុល (ethanol) ។
៣.២ វិធានហៅឈ្មោះអាល់កុល
☑ ជ្រើសរើសខ្សែមេ គឺខ្សែដែលមានកាបូនច្រើនជាងគេ ហើយផ្ទុកក្រុម (–OH) ។ ☑ ចុះលេខឱ្យអាតូម C ខ្សែមេ ដោយចាប់ផ្តើមពីអាតូមកាបូនចុងខ្សែដែលនៅជិតក្រុម (–OH) ជាងគេ ។ ☑ ឈ្មោះអាល់កុល = ឈ្មោះអាល់កាន + រជ្ជុសញ្ញា (–) + លេខកាបូននាទី + រជ្ជុសញ្ញា (–) + អុល ។
ឧទាហរណ៍រហ័ស ៖ CH₃–CH₂–CH₂OH ចុះលេខពីខាងស្តាំ (១ នៅ C ដែលកាន់ –OH) → ប្រូប៉ាន-1-អុល (propan-1-ol) ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.១ ។
- កុំច្រឡំ៖ លេខនៅមុខឈ្មោះខ្នែង (ឧ.
2-methyl) និងលេខនៅមុខបច្ឆិមបទ (ឧ.-1-ol) ជាលេខពីរផ្សេងគ្នា ។ លេខទីមួយជាទីតាំងខ្នែង (បុព្វបទ); លេខទីពីរជាទីតាំងក្រុមមេ (បច្ឆិមបទ) ។ កុំផ្លាស់លេខពីកន្លែងមួយទៅកន្លែងមួយ ។
៣.៣ ចំណាំ៖ អាល់កុល C₁ និង C₂
អាល់កុលមានកាបូន ១ និងកាបូន ២ មិនចាំបាច់បញ្ជាក់ទីតាំងរបស់ក្រុម (–OH) នោះទេ ។ មេតាណុល (CH₃OH) មានកាបូនតែមួយ; អេតាណុល (CH₃–CH₂OH) មានពីរ ហើយទាំងពីរអាចដាក់ –OH បានតែមួយកន្លែងគត់ ។ ដូច្នេះ លេខមិនចាំបាច់ ។ ចាប់ពីប្រូប៉ានឡើងទៅ ទើបត្រូវសរសេរលេខ (ប្រូប៉ាន-1-អុល , ប្រូប៉ាន-2-អុល) ។
៣.៤ វិធានហៅឈ្មោះអាល់កុល
☑ ជ្រើសរើសខ្សែមេ គឺខ្សែដែលមានកាបូនច្រើនជាងគេ ហើយផ្ទុកក្រុម (–OH) ។ ☑ ចុះលេខឱ្យអាតូម C ខ្សែមេ ដោយចាប់ផ្តើមពីអាតូមកាបូនចុងខ្សែដែលនៅជិតក្រុម (–OH) ជាងគេ ។ ☑ ប្រើបុព្វបទចំនួន ឌី (ខ្នែងដូចគ្នាពីរ), ទ្រី (ខ្នែងដូចគ្នាបី), តេត្រា (ខ្នែងដូចគ្នាបួន) … ☑ ហៅឈ្មោះខ្នែង តាមលំដាប់អក្ខរក្រមឡាតាំង (ethyl < methyl < propyl …) ។ ☑ ឈ្មោះអាល់កុល = ទីតាំងខ្នែង + រជ្ជុសញ្ញា + ចំនួនខ្នែង + រជ្ជុសញ្ញា + ឈ្មោះខ្នែង + ឈ្មោះអាល់កាន + រជ្ជុសញ្ញា (–) + លេខកាបូននាទី + រជ្ជុសញ្ញា (–) + អុល ។
ឧទាហរណ៍រហ័ស ៖ CH₃–CH(CH₃)–CH₂–CH₂OH → 3-methylbutan-1-ol (៣-មេទីលប៊ុយតាន-1-អុល) ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.៣ ។
- កុំច្រឡំ៖ ខ្នែងមិនបានបន្ថែមកាបូនទៅលើឈ្មោះខ្សែមេទេ ។ ខ្សែមេគិតតែខ្សែវែងបំផុតដែលផ្ទុក –OH; ខ្នែងហៅដោយឡែកនៅខាងមុខ ។
៣.៥ ការបង្កើតឈ្មោះអាស៊ីតកាបុកស៊ីលិច
ឈ្មោះអាស៊ីតបានមកពីឈ្មោះអាល់កាន និងបន្ថែមបច្ឆិមបទ អូអ៊ិច ។ ពាក្យ «អាស៊ីត» ដាក់នៅខាងមុខឈ្មោះ ។ ដូច្នេះ អេតាន + អូអ៊ិច → អាស៊ីតអេតាណូអ៊ិច (ethanoic acid / acetic acid) ។
៣.៦ វិធានហៅឈ្មោះអាស៊ីត
☑ ជ្រើសរើសខ្សែមេ គឺខ្សែដែលមានកាបូនច្រើនជាងគេ ហើយផ្ទុកក្រុម (–COOH) ។ ☑ ចុះលេខ 1 ឱ្យអាតូម C របស់ក្រុម (–COOH) ។ ☑ ឈ្មោះអាស៊ីត = អាស៊ីត + ឈ្មោះអាល់កាន + អូអ៊ិច ។
ឧទាហរណ៍រហ័ស ៖ CH₃–CH₂–COOH → អាស៊ីតប្រូប៉ាណូអ៊ិច (propanoic acid) ។ ឧទាហរណ៍ពេញលេញ រួមទាំងឈ្មោះសាមញ្ញ នៅផ្នែក ៨.៤ ។
៣.៧ វិធានហៅឈ្មោះអាស៊ីត
☑ ជ្រើសរើសខ្សែមេ គឺខ្សែដែលមានកាបូនច្រើនជាងគេ ហើយផ្ទុកក្រុម (–COOH) ។ ☑ ចុះលេខ 1 ឱ្យអាតូម C របស់ក្រុម (–COOH) ។ ☑ ប្រើបុព្វបទចំនួន ឌី (ខ្នែងដូចគ្នាពីរ), ទ្រី (ខ្នែងដូចគ្នាបី), តេត្រា (ខ្នែងដូចគ្នាបួន) … ☑ ហៅឈ្មោះខ្នែង តាមលំដាប់អក្ខរក្រមឡាតាំង (ethyl < methyl < propyl …) ។ ☑ ឈ្មោះអាស៊ីត = ទីតាំងខ្នែង + រជ្ជុសញ្ញា + ចំនួនខ្នែង + រជ្ជុសញ្ញា + ឈ្មោះខ្នែង + ឈ្មោះអាល់កាន + អូអ៊ិច ។
ឧទាហរណ៍រហ័ស ៖ CH₃–CH(CH₃)–COOH → អាស៊ីត 2-មេទីលប្រូប៉ាណូអ៊ិច (2-methylpropanoic acid) ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.៥ ។
- កុំច្រឡំ៖ ក្នុងអាស៊ីត លេខ ១ ជាប់នឹងកាបូនកាបុកស៊ីលជានិច្ច ទោះបីខ្នែងនៅជិតចុងម្ខាងទៀតក៏ដោយ ។ ក្នុងអាល់កុល លេខ ១ ជាប់នឹងកាបូនដែលកាន់ –OH ។ កុំចាប់ផ្តើមរាប់ពីចុងដែលខ្លីជាង ។
៣.៨ ការហៅឈ្មោះអេស្ទែ
ដោយអេស្ទែមានដើមកំណើតពីអាស៊ីត និងអាល់កុល ដូច្នេះដើម្បីហៅឈ្មោះអេស្ទែ គេត្រូវ ៖
☑ ទី១ ហៅឈ្មោះរ៉ាឌីកាល់ R′ របស់អាល់កុល ដែលភ្ជាប់ដោយសម្ព័ន្ធមួយជាន់ទៅនឹងអាតូមអុកស៊ីសែន ។ ☑ ទី២ ហៅឈ្មោះអាស៊ីត ដោយលុបពាក្យអាស៊ីត និងប្តូរបច្ចឹមបទ អូអ៊ិច ទៅជា អូអាត ។
ឧទាហរណ៍រហ័ស ៖ CH₃–C(=O)–O–CH₃ → មេទីល អេតាណូអាត (methyl ethanoate) ។ ឈ្មោះអេស្ទែមានពីរពាក្យ ៖ ពាក្យទីមួយមកពីអាល់កុល (R′) ពាក្យទីពីរមកពីអាស៊ីត (R) ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.៦ ។
- កុំច្រឡំ៖ ក្នុងឈ្មោះអេស្ទែ ពាក្យខាងមុខមិនមែនជាអាស៊ីតទេ — វាជាអាល់កុល ។
អេទីល អេតាណូអាត= អាស៊ីតអេតាណូអ៊ិច + អេតាណុល មិនមែន អាស៊ីតអេតាណូអ៊ិច + អាស៊ីតអេតាណូអ៊ិចទេ ។
៣.៩ ការហៅឈ្មោះអេស្ទែ
☑ បើរ៉ាឌីកាល់អាល់កុល R′ មានខ្នែង ត្រូវបង់លេខ 1 ឱ្យទៅអាតូម C ដែលភ្ជាប់ដោយសម្ព័ន្ធមួយជាន់ទៅនឹង O ។ ☑ បើរ៉ាឌីកាល់អាស៊ីតមានខ្នែង ត្រូវបង់លេខ 1 ឱ្យទៅអាតូម C នៃបង្គុំកាបូនីល ។
ឧទាហរណ៍រហ័ស ៖ CH₃–CH(CH₃)–CH₂–C(=O)–O–CH₂–CH(CH₃)–CH₃ → 2-methylpropyl 3-methylbutanoate (2-មេទីលប្រូពីល 3-មេទីលប៊ុយតាណូអាត) — លេខ ១ នៃផ្នែកអាល់កុលនៅ C ដែលជាប់ O, លេខ ១ នៃផ្នែកអាស៊ីតនៅ C កាបូនីល ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.៧ ។
៣.១០ ការហៅឈ្មោះអាមីនថ្នាក់ I
☑ ចុះលេខ 1 ឱ្យអាតូមកាបូនជាប់ក្រុម (–NH₂) ។ ☑ ឈ្មោះអាមីន = ទីតាំងខ្នែង + រជ្ជុសញ្ញាចំនួនខ្នែង + រជ្ជុសញ្ញា + ឈ្មោះខ្នែង + ឈ្មោះខ្សែមេ (អ៊ីល) + អាមីន ។
ឧទាហរណ៍រហ័ស ៖ CH₃–CH(CH₃)–CH₂–CH₂–NH₂ → 3-មេទីលប៊ុយទីលអាមីន (3-methylbutylamine) ។ ចំណាំថា ខ្សែមេនៅក្នុងអាមីនថ្នាក់ I ហៅដោយបច្ឆិមបទ អ៊ីល (butyl, propyl …) មិនមែន អាន ទេ ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.៨ ។
៣.១១ ការហៅឈ្មោះអាមីនថ្នាក់ II និងថ្នាក់ III
☑ ទី១ ហៅឈ្មោះ រ៉ាឌីកាល់ដែលមានខ្សែកាបូនខ្លី ដោយបញ្ជាក់ទីតាំង N- ឬ N,N- ក្នុងករណីមានរ៉ាឌីកាល់ពីរ ។ ☑ ទី២ ហៅឈ្មោះដូចអាមីនថ្នាក់ (I) ចំពោះរ៉ាឌីកាល់ដែលមានខ្សែកាបូនវែង ឬសំញ៉ាំ ឬសំខាន់ ។
ឧទាហរណ៍រហ័ស ៖ C₂H₅–NH–CH₃ → N-methylethylamine (N-មេទីលអេទីលអាមីន); CH₃–N(CH₃)–CH₃ → trimethylamine (ទ្រីមេទីលអាមីន) ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.៩ ។
- កុំច្រឡំ៖ អក្សរ N- មិនមែនជាលេខទីតាំងលើខ្សែកាបូនទេ — វាប្រាប់ថារ៉ាឌីកាល់នោះចងនឹង អាតូមអាសូត ។ N,N- មានន័យថារ៉ាឌីកាល់ពីរចងនឹង N តែមួយ ។
៣.១២ ការហៅឈ្មោះអាមីតថ្នាក់ I
☑ ចុះលេខ 1 ឱ្យអាតូមកាបូននាទី (–CONH₂) ។ ☑ ហៅឈ្មោះដូចអាស៊ីតកាបុកស៊ីលិច គ្រាន់តែពីបច្ចឹមបទ អូអ៊ិច មកជា អាមីត ។
ឧទាហរណ៍រហ័ស ៖ CH₃–CONH₂ → អេតាណាមីត (ethanamide); CH₃–CH₂–CONH₂ → ប្រូប៉ាណាមីត (propanamide) ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.១០ និង ៨.១១ ។
៣.១៣ ការហៅឈ្មោះអាមីតថ្នាក់ II និងថ្នាក់ III
☑ យើងត្រូវហៅរ៉ាឌីកាល់ដែលភ្ជាប់នឹងអាតូមអាសូត (ថ្នាក់ III ហៅរ៉ាឌីកាល់តាមលំដាប់អក្ខរក្រមឡាតាំង) ។ ☑ ហៅឈ្មោះដូចអាមីតថ្នាក់ I ។
ឧទាហរណ៍រហ័ស ៖ CH₃–CO–N(CH₃)₂ → N,N-dimethylethanamide (N,N-ឌីមេទីលអេតាណាមីត) ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.១២ ។
៣.១៤ ការហៅឈ្មោះអាស៊ីតអាមីណូ តាម IUPAC
☑ ចុះលេខ 1 ឱ្យអាតូមកាបូននៃក្រុមកាបុកស៊ីល (–COOH) ។ ☑ ឈ្មោះអាស៊ីតអាមីណូ = អាស៊ីត + ទីតាំងក្រុម (–NH₂) + អាមីណូ + អាល់កាន + អូអ៊ិច ។
ឧទាហរណ៍រហ័ស ៖ CH₃–CH(NH₂)–CH₂–COOH → អាស៊ីត 3-អាមីណូប៊ុយតាណូអ៊ិច (3-aminobutanoic acid) ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.១៣ ។
៣.១៥ ការហៅឈ្មោះអាស៊ីតអាមីណេ តាមឈ្មោះធ្លាប់ប្រើ
គេនិយមហៅឈ្មោះអាស៊ីតអាមីណេ ដោយប្រើឈ្មោះធ្លាប់ប្រើរបស់អាស៊ីត និងចុះទីតាំងក្រុមអាមីនដោយប្រើអក្ខរក្រមឡាតាំង ។ កាបូននៅជាប់នឹងក្រុមកាបូនីល បានទីតាំង -α និងកាបូនបន្ទាប់បានទីតាំង -β, -γ បន្តបន្ទាប់ ។
☑ ឈ្មោះអាស៊ីតអាមីណេ = អាស៊ីត + ទីតាំងក្រុម (–NH₂) + អាមីណូ + ឈ្មោះធ្លាប់ប្រើរបស់អាស៊ីត ។
ឧទាហរណ៍រហ័ស ៖ NH₂–CH₂–CH₂–COOH → អាស៊ីត β-អាមីណូប្រូព្យូនិច (β-aminopropionic acid) ។ ឧទាហរណ៍ពេញលេញនៅផ្នែក ៨.១៤ ។
- កុំច្រឡំ៖ α, β, γ រាប់ចាប់ពីកាបូនកាបុកស៊ីល ៖ α = កាបូនទី ២ តាមលេខ IUPAC, β = កាបូនទី ៣, γ = កាបូនទី ៤ ។ ដូច្នេះ «α-អាមីណូ» និង «2-អាមីណូ» ជាទីតាំងតែមួយ; «β-អាមីណូ» និង «3-អាមីណូ» ក៏ជាទីតាំងតែមួយដែរ ។